រថយន្តនិងម៉ូតូសរុប ៣០៤គ្រឿង ត្រូវឃាត់ ល្មើសនឹងបម្រាបគោចរ យប់ថ្ងៃទី ១ ខែសីហា !
សន្តិសុខសង្គម
448

រាជធានីភ្នំពេញ ៖ យោងតាមផេក ផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលផុសនៅវេលាម៉ោង ១០ និង១៤នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា យានយន្ត និងទោចក្រយានយន្ត សរុបចំនួន៣០៤គ្រឿង គឺត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ដោយសារតែបាន ល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី ១ សីហា ឆ្នាំ២០២១ ។

ក្នុងនោះ ផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ក្នុងចំណោម ៣០៤គ្រឿងនេះ គឺមានរថយន្តចំនួន ៨៨គ្រឿង និងម៉ូតូ ២១៦គ្រឿង ។

ដោយឡែក សម្រាប់អ្នកដែលល្មើស បម្រាមគោចរ នឹងត្រូវផាកពិន័យ រួមមាន ៖ ម៉ូតូ ២០ ម៉ឺនរៀល ចំណែករថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយ ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ៕ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩


Telegram