រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំលោកហែម ដារិទ្ធអភិបាលខណ្ឌនិងលោកប៉ាង លីដាអភិបាលរងខណ្ឌពោធិសែនជ័យ បានចុះធ្វើការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌពោធិសែនជ័យបាន ឲ្យដឹងថា ទីតាំងដែលលួចបើកកន្លែងជល់មាន់នេះ ស្ថិតនៅ(អមផ្លូវរថភ្លើង) ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ (ព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ) ។ការចុះបង្ក្រាបនេះ គឺដើម្បីចូលរួមទប់ស្កាត់ កុំឲ្យមានបទល្មើសកើតមាននៅក្នុងមូលដ្ឋាន ។ អ្វីដែលសំខាន់នោះ ទីតាំងជល់មាន់មួយនេះ បានលួចលាក់បើក និងសង់រំលោភលើប្រឡាយមេ ថែមទៀត ដែលបង្កឲ្យមានការជន់លិចរាប់ឆ្នាំតែម្តង ។ ក្នុងនោះលិចទាំងវត្ត ពោធិ៍ចិនតុង ,លិចផ្ទះសម្បែងប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ថែមទាំងលិចផ្លូវសាធារណៈថែមទៀត ។
ប្រភពបន្តថា ការបង្ក្រាបនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតសម្ភារៈវត្ថុតាង ទាំងអស់ និងត្រៀមរុះរើសំណង់ខាងលើ ចេញផងដែរ ។
ទន្ទឹមនឹងនោះ លោក អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយសហការ និងសូមកុំសាងសង់លំនៅដ្ឋាន ឬសាងសង់អ្វីមួយ រំលោភចូលប្រឡាយមេរបស់រដ្ឋ ដែលជាហេតុធ្វើឲ្យប្រពន្ធរំដោះទឹក ហូររំដោះជំនន់ទឹកភ្លៀងមិនទាន់ រហូតមានការជន់លិចក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ៕