រាជធានីភ្នំពេញ ៖ ហាងនំប៉័ង យីហោ សូរសូគិរីវង់ ត្រូវបានអគ្គិភ័យឆាបឆេះ ហ៊ុយផ្សែងទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ នៅស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ ញាញ់ លក្ខីណា ភេទ ស្រី អាយុ៤០ ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាន ពីកម្មករធ្វើការនៅហាងនំប៉័ងបានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុ គេពួកគេឮស្នូរសំឡេងផ្ទុះចេញពីឡដុតនំប៉័ងនៅខាងក្រោយ ពេលនោះក៏មានផ្សែងហុយចេញយ៉ាងខ្មួរខ្មាញ់ ស្រាប់តែចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រញាប់នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ជាបឋម អស់ជាច្រើនបំពង់តែមិនអាចគ្រប់គ្រងបាន ដោយសារស្ថានភាពអណ្ដាតភ្លើង និងផ្សែងហុយខ្លាំងពេក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ក៏បានរាយការណ៍ទៅសមត្ថកិច្ចខាងពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោ បានចេញរថយន្តទៅបាញ់ពន្លត់ទាន់ពេលវេលា ដោយបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើនឹង ១២ ម៉ែត្រគូប ទើបរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ២និង ៤០នាទីរសៀលថ្ងៃដដែល។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយនៅក្នុងករណីខាងលើនេះ គឺមិនមានអ្នកណារងរបួសនោះទេ ហើយក៏មិនរាលដាលឆាបឆេះដល់ផ្ទះពលរដ្ឋអ្នកជិតខាងឡើយ គ្រាន់តែខូចខាតសម្ភារៈមួយចំនួន៕ មេសា