រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទំនើប បុកបង្គោលភ្លើងនិងតូបកាហ្វេមួយកន្លែងពេញទំហឹង ដាច់រថយន្តជា២កំណាត់ខ្ទេច គាបស្លាប់អ្នកបើកបរក្នុងកាប៊ីនយ៉ាងរ.ន្ធត់ កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាច់ញាតិ បានឲ្យដឹងថា អ្នកបើកបររថយន្តដែលស្លាប់មានឈ្មោះ ស៊ុន សុភាព ភេទប្រុស អាយុ២៦ឆ្នាំ មានប្រពន្ធនិងកូន១ក្នុងផ្ទៃថែមទៀត មានស្រុកកំណើតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Lexus Nx200 t មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU- 1056 បើកបរក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតចង្កូតទៅបុករះតូបលក់កាហ្វេ រួចបន្តទៅបុកបង្គោលភ្លើង និងបង្គោលថ្ម របងផ្ទះពលរដ្ឋមួយដើមទៀត ពេញទំហឹង បណ្តាលឲ្យរថយន្តនោះ ដាច់ចេញជា២កំណាត់ បណ្ដាលឲ្យអ្នកបើកបររថយន្ត គាបជាប់ក្នុងកាប៊ីនរថយន្ត ស្លាប់ក្នុងសភាពយ៉ាងរន្ធត់បំផុត ។ ចំណែករថយន្តវិញ ខ្ទេចមើលលែងយល់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង ស្ទូចយកទៅរថយន្ត រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តទៀត ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕