បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនបុរសម្នាក់ រឹបអូសគ្រឿងញៀនជាង៤គីឡូក្រាម នៅរាជធានីភ្នំពេញ
សន្តិសុខសង្គម
699

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ធ្វើការចាប់ខ្លួនបាន ដកហូតបាន គ្រឿងញៀនជាង៤គីឡូក្រាម ឯណោះ កាលពីវេលាម៉ោង៤ និង៤០នាទី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច២គោលដៅផ្សេងគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបានស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖

គោលដៅទី១ ៖ នៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង។

គោលដៅទី២ ៖ នៅវេលាម៉ោង ១៧និង១០នាទី បន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងបានធ្វើការចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ និងដកហូតបាន រួមមាន ៖

- សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប ៤១១៤ ក្រាម

- សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ក្រាម

- សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១.១០ក្រាម

- សារធាតុញៀន សរុប ៤១៤៧.៤០ក្រាម

- ម៉ូតូ ២គ្រឿង

-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្តទៀត៕ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram