ខេត្ត ប៉ៃលិន ៖ អគ្គីភ័យឆាបឆេះ ដំឡូងគ្រៀមស្តុកក្នុងឃ្លាំងមួយកន្លែង ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍បាញ់ពន្លត់ទាំងយប់ កាលពីវេលាម៉ោង ៩ និង១៥នាទី យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ចំណុច សៃឡូសៀក លិក ដែលស្ថិតនៅ ភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សៃឡូ មានឈ្មោះ សៀក លិក ភេទ ប្រុស អាយុ ៤៣ ឆ្នាំ សញ្ជាតិថៃ រស់នៅភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិ ន។
នៅក្នុងហេតុការណ៍នេះ ក៏បណ្តាលឲ្យឆេះ ដំឡូងគ្រៀមប្រហែលចំនួន ០៣ តោន ។ ចំណែកមូលហេតុ បើតាមការប៉ានស្មាន ពីសំណាក់សមត្ថកិច្ច មកពីប្រតិកម្មឧស្ម័ន (ដោយសារមានចំហាយក្តៅចេញពីដំឡូង) ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំបញ្ជាដោយ លោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរង ទទួល ផែនគ្រប់គ្រង់ការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង សហការជាមួយ កម្លាំងអធិការស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគបាលស្រុកសាលាក្រៅ ក្នុងការចេញអន្តរាគមន៍ជួយសង្គ្រោះនេះប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ផងដែរ ទើបរលត់ទៅវិញ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ