រាជធានីភ្នំពេញ ៖ លោកតាម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈដែលគាត់បានឡើងបេះផ្លែស្វាយ ដើម្បីចែកអ្នកជិតខាងហូប បែរជាបាក់មែកស្វាយធ្លាក់បោកនឹងរបងដែក រួចបោកក្បាលនឹងផ្លូវហូរឈាមតែម្តង កាលពីវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពលោកតាមានឈ្មោះ លី សារិទ្ធ ហៅតាយួន អាយុ ៨៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរនៅផ្ទះស្នាក់នៅភូមិកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកតាខាងលើ បានឡើងដើមស្វាយនៅមុខផ្ទះ ដើម្បីបេះផ្លែស្វាយយកចែកអ្នកជិតខាងហូប ខណៈកំពុងតែបេះ ស្រាប់តែបាក់មែកស្វាយ ធ្លាក់មកបោកនឹងរបងដែក រួចធ្លាក់បោកក្បាលទៅនឹងផ្លូវ បណ្ដាលឲ្យបែកក្បាលហូរឈាមរងរបួស ធ្ងន់ធ្ងរ ភ្លាមៗនោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅសង្គ្រោះ តែជាអកុសលពេលមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា លោកតាខាងលើតែងតែឡើងបេះផ្លែឈើ ដែលមានដើមខ្ពស់ៗ ដូចជាដើមព្រីង និងដើមស្វាយជាដើម តែកន្លងមកគាត់ឡើងពាក់ខ្សែក្រវាត់ តែពេលនេះគឺមិនបានពាក់ខ្សែក្រវាត់នោះទេ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ហើយដើមស្វាយនៅមុខផ្ទះរបស់គាត់ គឺផ្លែគ្រប់រដូវ គាត់ក៏តែងតែឡើងទៅលើដើមស្វាយមួយដើមនេះ ហើយបេះផ្លែស្វាយមកចែកអ្នករស់នៅក្បែរខាងមិនបានលក់ដូរអ្វីនោះទេ គាត់ចិត្តល្អណាស់។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយសមត្ថកិច្ចកោសល្យវិច័យជំនាញ ក៏បានចុះមកធ្វើកោសល្យវិច័យសព និងបានធ្វើលិខិតប្រគល់សាកសពទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ មេសា