មេធាវីវ័.យ.ក្មេ.ង ដែលបាត់ខ្លួនក្នុងសមុទ្រកាលពីម្សិលមិញ ពេលនេះរកឃើញហើយ ក្រោយអ.ណ្តែ.តចេញពីកន្លែងកើតហេតុជិត ២គីឡូដី ខណៈសមត្ថកិច្ចជំនាញរួមក្រុមប្រតិបត្តិការមុជទឹក ចុះរាវរកអស់រយៈពេលជាច្រើនម៉ោង
សន្តិសុខសង្គម
465

ខេត្តព្រះសីហនុ ៖ គិតត្រឹមវេលាម៉ោង០៦ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ សាកសព មេធាវីវ័យក្មេង ដែលបានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ម្សិលមិញនេះ ត្រូវបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុ ជិត២គីឡូដី ស្ថិតក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណារ៉ា ប្រធានការិយាល័យនគរបាលទេសចរណ៍ ប្រចាំតំបន់ឆ្នេរបានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះថា សពជនរងគ្រោះខាងលើ បានរកឃើញនៅវេលាម៉ោង៥និង៣០នាទី បន្ទាប់ពីបាន អណ្តែតទើនៅលើឆ្នេរចម្ងាយប្រហែល១,៣០០ម៉ែត្រ ចុងអូរត្រេះ១ ទល់មុខឆៃណាថោន។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ ភ្លាមៗ នាវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានថា មានករណី ភ្ញៀវទេសចរជនជាតិខ្មែរមកពី រាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកខ្ពស់ បានបាត់ខ្លួន ១នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារនិងទេសចរណ៍។

បើតាមប្រភពព័ត៌មានពី មិត្តរួមអាជីព ដែលមកជាមួយជនរងគ្រោះ បានរៀបរាប់ថា ពួកគាត់មកពីភ្នំពេញ មកបំពេញការងារ នៅខេត្តព្រះសីហនុ។ ក្រោយពីចប់ការងារក៏បបួលគ្នាមកស្រូបខ្យល់អាកាសនៅសមុទ្រ ហើយក៏ចុះងូតទឹកលេងជុំគ្នា តាំងពីម៉ោងជាង២រសៀល រហូតដល់ម៉ោង៤និង៣០នាទី ដោយងូតឆ្ងាយពីគ្នា២ទៅ៣ម៉ែត្រ ។ ពេលនោះដោយសាររលកសមុទ្រធំៗ ខ្ពស់ ក៏បានរសាត់ជនរងគ្រោះទៅកណ្តាល តែគាត់មិនបានចាប់អារម្មណ៍ទេ ព្រោះជនរងគ្រោះអត់បានស្រែកឲ្យជួយ ហើយក៏លេងទឹកបន្ត លុះពេលឡើងគោកអស់ ស្រាប់តែបាត់ជនរងគ្រោះឈឹង រកមិនឃើញសោះ ទើបផ្អើលឆោឡោតែម្តង។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចក៏ដូចជាខាងជំនាញ បានព្យាយាម ស្វែងរកជនរងគ្រោះ ដោយមានអ្នកជិះម៉ូតូទឹក ផងនិងអ្នកច្រមុជទឹកផង បំពាក់បំពង់អុកស៊ីសែន ឧបករណ៍បច្ចេកទេស មុជរកជនរងគ្រោះ តាំងពីរសៀលថ្ងៃទី៣ ខែសីហា ។

ជុំវិញការមុជរកជនរងគ្រោះនេះ រហូតមកដល់វេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាព ខេត្ត និងក្រុមជំនាញមុជទឹកបន្ថែម ក្នុងការបន្តស្វែងរកជនរងគ្រោះជាភ្ញៀវទេសចរចុះលេងទឹកសមុទ្រ នៅចំណុចឆ្នេរអូរត្រេះ១ បន្តទៀត រហូតមកដល់នឹងព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សពជនរងគ្រោះឈ្មោះ ជូ ជាគុយ ត្រូវបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុ ជិត២គីឡូដី ស្ថិតក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង៥និង៣០នាទីព្រឹក។

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិ បានលើកយកមកដាក់នៅលើឆ្នេរដើម្បីសមត្ថកិច្ចធ្វើកោសល្យវច្ច័យតាមនីតិវិធី រួចទើបអនុញ្ញាតប្រគល់ជូនគ្រួសារ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕



Telegram