ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុង រើសអេដចាយ តែបន្លំគាស់ផ្ទះអ្នកស្រុក ចូលលួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន០៩នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះល្បាតនៅពេលយប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៩នាក់ នាំមកអធិការដ្ឋាន ដើម្បីស្រាវជ្រាវសួរនាំបក្ខពួកជាបន្តបន្ទាប់ទៀត។
លោកអធិការ បានបន្តថា ខណៈដែលកងកម្លាំងនគរបាលចុះល្បាត នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក៏ប្រទះឃើញជនសង្ស័យចំនួន២ នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយស្ពាយការ៉ុង សង្ស័យឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការ៉ុង។
តាមចម្លើយសារភាពជនង្ស័យខាងលើនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន ៧នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុងភូមិសាស្ត្រខាងលើ ។
ក្នុងនោះបានរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ កង្ហាត្រជាក់១, ចានបង្គន់១, ភ្លើងហ្វា១, ឧបករណ៍បន្ទប់ទឹក+ខ្សែរភ្លើងមួយចំនួន កញ្ចក់សុលឡា៦ ,ដុំឌីសង់ទ័រ១៦ , រម៉កកង់បី១ ,កាំបិតក្វែវ១,ពូថៅ២ , ដាវ១ ,ដបជក់គ្រឿងញៀន៣។
លោកវរ:សេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់កំពុងស្ថិតនៅក្នុងការសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕