រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង បានក្រឡាប់ផ្ងារមួយចំហៀង ធ្លាក់ចូលក្នុងប្រឡាយ សង្ស័យបើកគេចនឹងរថយន្តដឹកដី ផ្សេងទៀត ទើបរេចង្កូតធ្លាក់តែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចទល់មុខច្រកចូលរណ្ដៅដីមួយន្លែង ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E -6141 បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតមកខាងស្តាំដៃ ហើយធ្លាក់ចូលក្នុងប្រឡាយក្រឡាប់ផ្ញារមួយចំហៀងតែម្តង ។
ប្រភពដដែលបានបន្តថា រថយន្តកុងតឺន័រខាងលើ ដែលក្រឡាប់ផ្ងារនេះ គឺសង្ស័យបើកគេចពីរថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខ ដែលបានបើកចេញពីច្រកផ្លូវរណ្តៅដី ហើយបើកឆ្លងមកខាងស្តាំផ្លូវ ហើយរថយន្តកុងតឺន័របានវ៉ាក់ជាន់ហ្វ្រាំងមិនទាន់ក៏ទាញចង្កូតគេចមួយទំហឹង រេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារតែម្តងទៅ។
សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ដោយអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយសារតែរថយន្តខាងលើមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ តាមដងផ្លូវ ក៏ដូចជាសម្បត្តិសាធារណៈ ក៏សម្រេចប្រគល់ជូនឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕