រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចរបស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបទីតាំងផឹកស៊ីមួយកន្លែងចំនួន ២ វង់ ឃាត់បានមនុស្សចំនួន ៤នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ការបង្ក្រាបនេះ គឺលោក បានបញ្ជាកម្លាំងដោយផ្ទាល់ ឲ្យកងកម្លាំងសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្ស ៤នាក់ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា ពួកគាត់ទាំងនេះ បានផឹកស៊ីជួបជុំគ្នាល្មើសទៅនឹងម៉ោងបំរាមគោចរ ។
លោកបានបន្តថា លុះកងកម្លាំងចុះទៅដល់ជាក់ស្តែង ក៏ឃើញកំពុងអង្គុយផឹកស៊ីពិតមែន ដោយមានចានសាច់ក្លែម និងស្រាបៀរ កែវស្រា ព្រោងព្រាតនៅលើតុ ផងដែរ ។
បច្ចុប្បន្នមនុស្សទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារទាំងយប់ ដើម្បីចាត់ការតាមច្បាប់ផ្លូវច្បាប់៕