រាជធានីភ្នំពេញ ៖ មនុស្សចំនួនមួយក្រុម មានគ្នារហូតដល់១៣នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ខណៈប្រមូលផ្តុំគ្នាធ្វើពិធីខួបកំណើត នៅចំនុចហាងយីហោ នីសា កែវព្រិល ដែលមានទីតាំងនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះឃាត់ខ្លួននេះ គឺបុគ្គលទាំង ១៣នាក់ខាងលើ បាននាំគ្នា បង្កើតកម្មវិធី ខួបកំណើត ជួបជុំគ្នាផឹកស៊ីប្រមូលផ្តុំ ដោយចាប់ផ្តើមកម្មវិធី តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរហើយ មិនព្រមឈប់ នៅតែបន្ត មិនខ្លាចញញើត ល្មើសនឹងបំរាមគោចរ ដែលរាជរដ្ឋបាលភិបាល បានដាក់ចេញដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី ដែលតា ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែនជ័យ ចុះមកបង្ក្រាបតែម្តង ។
ក្នុងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ក្នុងនោះមានប្រុសម្នាក់ ស្រីចំនួន១២នាក់ និងបានទាក់ទង ហៅក្រុមគ្រូពេទ្យ ដើម្បីចុះមកយកសំណាកជនទាំងអស់នេះ លទ្ធផលអវិជ្ជមានទាំងអស់ និងបាននាំខ្លួនអ្នកទាំង១២នាក់ រួមទាំង បុរសម្នាក់ទៀត ដែលជាថៅកែហាង ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕