ក្រុមចោរលួចពេលរាត្រី៥នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ក្រោយលួចកាបូបលុយគេដែលមានលុយជិត៤លាន ដាក់លើក្បាលដំណេក ទៅបាត់
សន្តិសុខសង្គម
146

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួច(លុយ និងទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការ ខណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុំ នឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកក្រុមជនសង្ស័យ០៣នាក់៖

ទី១-ឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

ទី២-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ

ទី៣-ឈ្មោះ ចាន់ រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖ លុយខ្មែរចំនួន ៣០០០០០០រៀល (បីលានរៀល) ,លុយដុល្លារចំនួន២០០ដុល្លារអាមេរិក, ទូរស័ព្ទដៃម៉ាក Iphone ចំនួន០២គ្រឿង។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone6 ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង, ម៉ាកLg G6 ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង), ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។

លោកអធិការនគរបាលខណ្ឌដង្កោ បានបន្តថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៤និង០០នាទី ជនរងគ្រោះ បានត្រឡប់ពីផ្ទះបងប្អូនមកដល់ផ្ទះ ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយបានរៀបចំកន្លែងសម្រាក ដោយទុកកាបូបស្ពាយពណ៌ឈាមជ្រូកចំនួន០១ ដែលមានលុយខ្មែរចំនួន ៣០០០០០០រៀល (បីលានរៀល), លុយដុល្លារចំនួន២០០ដុល្លារអាមេរិក, មាសចំនួន០២ជី និងទូរស័ព្ទដៃចំនួន០៤គ្រឿង នៅលើគ្រែក្បាលដំណេក រួចដេកលង់លក់ទៅដោយពុំបានចាក់គន្លឹះទ្វារផ្ទះខាងក្រោយត្រឹមត្រូវទេ។

លោកបន្តទៀតថា លុះដល់វេលាម៉ោង០៤និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានភ្ញាក់ពីដេកដើរចេញទៅបត់ជើងតូច ក៏បានឃើញកាបូបស្ពាយដែលជនរងគ្រោះដាក់នៅលើក្បាលដំណេក នៅខាងក្រៅបន្ទប់ហើយ ទើបប្រញាប់ឆែកមើលទ្រព្យសម្បត្តិនៅក្នុងកាបូប ដែលនៅក្នុងកាបូបខាងលើ បានបាត់អស់ ទើបមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ។

រហូតដល់វេលាម៉ោង១៦និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពខាងលើ បានម្នាក់ ឈ្មោះ ផាន់ ភារម្យ រួមនិងវត្ថុតាង ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIphone6 ពណ៌ទឹកមាសរបស់ជនរងគ្រោះ០១គ្រឿង និងទូរស័ព្ទដៃម៉ាក Lg G6 ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង) ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់មក សមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០២នាក់ ទៀត ទី១-ឈ្មោះ ចាន់ ថា ទី២-ឈ្មោ ចាន់ រិទ្ធិ រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ (ទូរស័ព្ទរបស់ជនរងគ្រោះ) ចំនួន០១គ្រឿង និងក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច (របស់ជនសង្ស័យឈ្មោះ ចាន់ ថា) ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិក្រាំងពង្រខាងលើដែរ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រំាងពង្រ តាមនីតិវិធីច្បាប់តែម្តង ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ

Telegram