ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ០១ខ្នងមានទំហំ៥ គុណ ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកដូង ត្រូវបានអគ្គីភ័យបានឆាបឆេះអស់ទាំង ស្រុង រយមទាំងសម្ភារៈនិងទ្រព្យសម្បត្តិមួយចំនួន។
ចំណែក ម្ចាស់ផ្ទះរលាកភ្លើងរងរបួសយ៉ាងដំណំផងដែរ កាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វាំង ធី ភេទប្រុស អាយុ៥៧ឆ្នាំ ភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះជាមនុស្សញៀនស្រា ហើយរស់នៅតែម្នាក់ឯង ។ ចំណែកប្រពន្ធមិនបានរស់នៅជាមួយទេ ទៅនៅខេត្តផ្សេង ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាំបាយហូប ប៉ុន្តែដោយស្រវឹងខ្លាំងពេក កេះដែកកេះបង្កាត់ភ្លើងក៏ជ្រុលទៅប៉ះនឹងជញ្ជាំងស្លឹកដូង បណ្តាលឲ្យឆាបឆេះតែម្តង គ្មានអ្នកណាមកជួយអន្តរាគមន៍បានទាន់ ព្រោះផ្ទះនៅដាច់ឆ្ងាយ ហើយម្ចាស់ផ្ទះក៏រងរបួសធ្ងន់ ដោយរលាកភ្លើងត្រូវស្បែកដៃ ខ្នងនិងក្បាល ដោយស្រវឹងខ្លាំងពេលផ្ទះត្រូវភ្លើងឆេះរត់មិនរួច។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវអាជ្ញាធរ នគរបាលមូលដ្ឋាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរីភ្លាម ។ចំណែកសម្ភារៈនិងទ្រព្យសម្បត្តិក្នុងផ្ទះឆេះអស់អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២,៥០០ ,០០០រៀល ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ