លោក សាន សុខសីហា ៖ មនុស្ស១៩នាក់ ដែលជួបជុំគ្នានៅភោជនីយដ្ឋាន« តាសេត » ត្រូវបានដោះលែងវិញទាំងអស់ ខណៈហាងក៏មិនបានបិទអាជីវកម្ម ក្រោយពិនិត្យឃើញថា មិនបានល្មើសនឹង បម្រាមគោចរ និងគោរពតាមវិធានសុខាភិបាល
សន្តិសុខសង្គម
182

រាជធានីភ្នំពេញ ៖ នាវេលាម៉ោង ៣រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ គណៈបញ្ជាការ ឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចុះធ្វើការពិនិត្យ ទីតាំង ភោជនីយដ្ឋាន យីហោ « តាសេត » ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ មកថា បានបើកទទួលភ្ញៀវឲ្យចូលផឹកស៊ីក្នុងហាង ដែលមានទីតាំងនៅខាងកើតស្ពានជ្រោយចង្វារ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ គឺមានទាំងកម្លាំងមូលដ្ឋាន និងកម្លាំងរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ហើយភ្លាមៗ អាជ្ញាធរមានសមត្ថកិច្ចបានទាក់ទងទៅកាន់ ក្រុមគ្រូពេទ្យ យករថយន្តសាមុយ មកដល់ទីតាំងខាងលើ ដើម្បីយកសំណាក បុគ្គលទាំង១៩នាក់ ផងដែរ និងបានរកឃើញមានរថយន្តជាច្រើនគ្រឿង។

ជុំវិញការចុះពិនិត្យនេះដែរ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកកាន់ អង្គភាព TVFB នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះថា មនុស្សទាំង១៩នាក់ មានទាំងប្រុស ទាំងស្រី ដែលប្រមូលផ្តុំជួបជុំគ្នានៅភោជនីយដ្ឋាន «តាសេត» នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នោះ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះលែងវិញអស់ហើយ ។

ការដោះលែងនេះ ត្រូវបាន លោក សាន សុខសីហា បញ្ជាក់ថា បន្ទាប់ពីបានពិនិត្យឃើញថា ពួកគាត់មិនបានល្មើសនឹងបំរាមគោចរនោះទេ ហើយភោជនីយដ្ឋាន « តាសេត » នេះទៀតសោត ក៏មិនបានបិទអាជីវកម្មនោះដែរ ព្រោះអ្នកខ្លះគាត់មកញ៉ាំ តែអនុវត្តតាមវិធានសុខាភិបាល និងខ្លះទៀតបានខ្ចប់ ពោលគឺបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល ៕



Telegram