រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានចូលទៅលួចកង់ពីជនរងគ្រោះ ដែលនៅជិតបន្ទប់ជួលគ្នា រួចយកទៅទុកនៅផ្ទះគេទុកចោលមួយកន្លែងទៀត ស្រាប់តែជនរងគ្រោះទៅឃើញកង់ ក៏បានអើតមើលបម្រុងនឹងចូលទៅយកកង់មកវិញ ក៏ត្រូវជនសង្ស័យ ទាញដាវមកកាប់ទៅលើជនរងគ្រោះជាច្រើនដាវ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួន តែរត់មិនរួច។
រឿងហេតុនេះ បង្កការភ្ញាក់ផ្អើលនៅម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈុំសុភា ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរត់ម៉ូឌុប បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជិតនិងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋបានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា ដំបូងឡើយគាត់បានឃើញជនសង្ស័យ បានដើទៅចូលលួចកង់របស់ជនរងគ្រោះនៅជិតបន្ទប់ជួលគ្នា តាមផ្លូវបេតុង៣៧១ ក្នុងសង្កាត់ដង្កោ រួចជនសង្ស័យ បានយកកង់ទៅដាក់នៅកៀនផ្ទះគេទុកចោលមួយកន្លែងទៀត នៅជិតស្ថានីយ៍លូទឹកស្អុយផ្លូវ៣៧១ ទើបអ្នកជិតខាងនោះ បានមកប្រាប់ជនរងគ្រោះ ។
ប្រភពដដែលបន្តថា ពេលនោះ ជនរងគ្រោះបានដើរទៅមើល ស្រាប់តែត្រូវជនសង្ស័យយកដាវមកកាប់ជាច្រើនដាវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយភ្លាមៗ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវបានពលរដ្ឋដេញពីក្រោយ រត់មកដល់ចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ដឹកជនសង្ស័យមកប៉ុស្តិ៍ និងប្រគល់ជនសង្ស័យខាងលើ ឲ្យទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោវិញ ដែលជាម្ចាស់ករណីដំបូងគេ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕ មេសា