រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ កំពុងចេញធ្វើសកម្មភាពបម្រុង លួច និងកាប់ប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋពេលរាត្រី ត្រូវបានសមត្ថកិច្ចធ្វើការដេញចាប់ខ្លួនបាន ក្រោយឃើញសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ កំពុងល្បាត បែរជារត់យ៉ាងប្រផាស់ប្រភីង កាលពីវេលាម៉ោង១២និង១៥នាទី យប់ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅក្បែរវត្តដំបូកខ្ពស់ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទឹង វណ្ណៈ ហៅចេក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី២ឈ្មោះ ឆែម សុភារ៉ា ហៅយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា (ទាំង២នាក់មានផ្ទុកសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ដែកចុងស្រួច២ដើម ,សោរចិញ្ចៀនលេខ៨ ចំនួន០១ដើម , ដែលលួសសសៃចំនួន១កំណាត់ , ដាវកែច្នៃចំនួន១ដើម និងស្រោមដាវធ្វើពីក្រណាត់ពណ៌ឈាមជ្រូកលាយខ្មៅ ចំនួន១ ។
ប្រភពដដែលបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ ដឹកនាំដោយលោកមេប៉ុស្តិ៍ បានចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យទាំងនេះ បានរត់ផាសក្រញ៉ាំតែម្តង ក៏ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបាន និងឆែកឆេររកឃើញ វត្ថុតាងដូចបានរៀបរាប់ខាងលើ ទើបនាំខ្លួនមកកាន់ប៉ុស្តិ៍បឹងទំពុន២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមច្បាប់បន្តទៀត៕