រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បានបើកគេចពីម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យជ្រុលទៅបុកនឹងរបងវត្តព្រែកថ្លឹង រងការខូចខាតយ៉ាងដំណំ បាក់ខ្ទេច បង្កការភ្ញាក់ផ្អើលនៅម៉ោង៨ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយនិងផ្លូវបេតុង ស្ទឹងព្រែកត្នោត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា គាត់បានបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពីជើងមកត្បូង ដែលពាក់ស្លាកលេខ ភ្នំពេញ 5A-2604 លុះមកដល់ចំណុចកើតហេតុ ទល់មុខនឹងវត្តព្រែកថ្លឹង ក៏គាត់បានស៊ីញ៉ូបត់ស្ដាំ ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កមកពីខាងមុខគាត់ ទើបបួងចង្កូតគេចចេញ ក៏ជ្រុលមកបុកទម្លុះរបងវត្តព្រែកថ្លឹង បាក់អស់២កង់ រងការខូចខាតទាំងរថយន្ត និងរបងវត្ត តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពឹស បានចុះទៅដល់ទីតាំងខាងលើនិងបានឲ្យតំណាងម្ចាស់រថយន្ត ចរចារជាមួយនឹងព្រះចៅអធិការវត្ត ដើម្បីនឹងធ្វើការសងសំណងទៅលើការខូចខាតរបងវត្ត ដើម្បីបញ្ចប់រឿងផងដែរ៕ មេសា