ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាក្រុមជនសង្ស័យចំនួន ០៤ នាក់ដែលតែងធ្វើ ឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតក្តៅក្រហាយព្រោះតែការបាត់បង់ទ្រព្យសម្បតិ្តរបស់ពួកគាត់ទីបំផុតអស់លក្ខណ៍ជាប់អន្ទាកនគរបាលនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃ ទី ០៦ ខែសីហា ឆ្នាំ ២០២១ ។
លោកវរសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាក្រោយពីទទួលបានបណ្តឹងពីឈ្មោះមេនមៀតភេទ ប្រុសអាយុ ៣២ ឆ្នាំស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរថាមាន ចោរបានលូច លួចម៉ូតូកង់បីចំនួន ០២ គ្រឿងរបស់គាត់ក្នុងបរិវេណផ្ទះលោកបានចាត់តាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចុះស្រាវជ្រាវមុខសញ្ញាដែលបានធ្វើសកម្មភាពលួចកាត់ច្រវាក់យកម៉ូតូដែលមានរូបភាពក្នុងកាម៉ារ៉ា សុវត្ថិភាព ។
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃ ទី ០៦ ខែសីហាឆ្នាំ ២០២១ រួមមាន ៖ ១/- ឈ្មោះស៊ុនសុខាហៅហ៊ាភេទប្រុសអាយុ ២៦ ឆ្នាំ , ២/- ស្នាក់ឈ្មោះម៉ៅឡុងហៅ អា ឆ្កែ ភេទ ប្រុសអាយុ ១៨ ឆ្នាំ ,៣/- ឈ្មោះ សុខថេត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ,៤/- ឈ្មោះ សុខធី ភេទ ប្រុស ។ ជនសង្ស័យ ទាំង ០៤ នាក់ស្នាក់នៅភូមិអូរនាងសង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត ។
លោកអធិការបានបន្តថាក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះឆ្លងតាមការពិនិត្យសំណាករកមេរោគកូវី ដ -១៩ គឺ អវិជ្ជមានប៉ុន្តែតែពិនិត្យរកសារធាតុញៀនគឺវិជ្ជមានទាំង ០៤ នាក់ហើយក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចនគរបាលបាន ដកហូតម៉ូតូកង់បីដែលជនសង្ស័យបានលួចយកទាំង០២គ្រឿង។
ពេលនេះជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះនឹងស្នើសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការប្រគល់ជូន ម្ចាស់ដើមវិញផងដែរ ៕