រថយន្តបែនដឹកដី បើកឆ្លងមិនមើល ត្រូវរថភ្លើងបុ .កវិលមួយជុំ ...
សន្តិសុខសង្គម
455

រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងប្រភេទហ៊ីយ៉ាន់ដាយយីឌុប បើកបរខ្វះការប្រុងប្រយ័ត្ន ឆ្លងផ្លូវដែក មិនមើលឆ្វេងស្តាំ ត្រូវបានរថភ្លើងបើកមកពីក្រោយ បុកវិលមួយជុំកៀរអូសគាបជាប់ទូកុងតឺន័រ សំណាងល្អមិនមានអ្នករងរបួស ខូចខាតរថយន្ត ក្បាលរថភ្លើងខ្ទេចពីមុខ និងកាប៊ីន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4157 បើកបរដោយបុរសម្នាក់ ។ ចំណែករថភ្លើងខ្សែដឹកទំនិញ អូសសណ្តោងទូចំនួន២៧ទូ ផ្ទុកទំនិញ គ្រឿងសំណង់ មកពីក្រុងព្រះសីហនុ ចូលរាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកដីបើកតាមផ្លូវលំស្របផ្លូវដែក ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវដែក តែមិនបានប្រុងប្រយ័ត្ន ឆ្លងមិនទាន់ផុតផង ស្របពេលដែលរថភ្លើងបើកពីត្បូងទៅជើង បុករថយន្តបណ្តាលឲ្យវិលមួយជុំអូសគាបជាប់ទូកុងតឺន័រ ទៅមុខលែងរួច សំណាងល្អគ្មានអ្នករងរបួស ខូចខាតតែរថយន្ត រថភ្លើងខ្ទេចក្បាលផ្នែកខាងមុខ និងខ្ទេចកាប៊ីន ចំហៀងខាងស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងតំណាងក្រុមហ៊ុនអយស្ម័យយាន ចុះទៅពិនិត្យ រួចប្រគល់រថយន្តនិងអ្នកបើកបររថយន្ត ឲ្យទៅការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯរថភ្លើងអនុញ្ញាតឲ្យបន្តដំណើរទៅមុខ ៕


Telegram