រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការល្អជាមួយនិងបងប្អូនប្រជាពលរដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ក្រោយពីបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច រួចជិះគេចខ្លួន បង្កការភ្ញាក់ផ្អើលនៅម៉ោង១១និង៤០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចបន្ទប់ផ្ទះជួល ជិតគល់ស្ពានព្រែកជ្រៃ តាមផ្លូវបេតុ ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខុម ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
រីឯជនរងគ្រោះឈ្មោះ សន បារាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌លឿង លាយស ពាក់ផ្លាកលេខភ្នំពេញ1FZ-8413 នៅខាងមុខបន្ទប់ជួល ដោយបានចាក់សោ ក ត្រឹមត្រូវ រួចក៏ចូលទៅក្នុងផ្ទះធ្វើការងារលក់ដូរធម្មតា ។ រហូតមកដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃដដែល ក៏មានជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ មកដល់ខាងមុខផ្ទះរបស់ជនរងគ្រោះ រួចជនក៏សង្ស័យម្នាក់ បានចុះពីលើម៉ូតូដើរទៅធ្វើសកម្មភាពកាច់សោ ក ម៉ូតូរបស់ជនរងគ្រោះ ម៉ាកខាងលើ បានសម្រេចហើយបណ្តើរចេញពីមុខផ្ទះ ដើម្បីបញ្ឆេះជិះគេចខ្លួនទៅតាមផ្លូវ២១៧ពីជើងទៅត្បូង ។
លោកអធិការបានបន្តថា ពេលនោះ ប្រពន្ធជនរងគ្រោះបានឃើញក៏ស្រែកឆោឡោ និងរត់ដេញតាមពីក្រោយបានចម្ងាយ២០០ម៉ែត្រ រួចក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ បានឃើញហេតុការណ៍បានជួយឌុបជនរងគ្រោះដេញតាមពីក្រោយជនសង្ស័យ ហើយស្រែកថា ចោរៗ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលជិះម៉ូតូល្បាតតាមផ្លូវ២១៧ នោះស្រាប់ ក៏បានជួយអន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រួចក៏បានយកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ហើយក៏ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យផងដែរ។
ក្នុងនោះសមត្ថកិច្ច ដកហូតបានវត្ថុតាងមានដូចជា៖
១.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿង លាយស ពាក់ផ្លាកលេខ ភ្នំពេញ1FZ-8413 ចំនួន០១គ្រឿងដែលជារបស់ជនរងគ្រោះ
២.ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០២
៣.សោរខ្សៀលេខ៨ចំនួន០១
៤.កូនសោរម៉ូតូចំនួន០៥ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កំពុងតែធ្វើការសាកសួរនាំនិងកសាង សំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕មេសា