យុវជនម្នាក់រអិលជើងធ្លាក់ចូលស្រះទឹក ក្នុងវត្តទួលក្រសាំង ជម្រៅ១២ទៅ១៥ម៉ែត្រ លិចបាត់ឈឹងជិត៣ម៉ោង ទើបរាយការណ៍ជូនសមត្ថកិច្ច មានទាំងក្រុមជំនាញប្រតិបត្តិការមុជទឹក បំពាក់អុកស៊ីសែន ចុះរាវរក
សន្តិសុខសង្គម
454

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីល្ងាចម្សិលមិញ ខណៈដែលយុវជនម្នាក់ បានរអិលជើងធ្លាក់ចូលស្រះទឹកក្នុងវត្ត លិចបាត់ខ្លួន ផ្អើលអស់បងប្អូនប្រជាពលរដ្ឋ រាវជិត៣ម៉ោងទើបរាយការណ៍ជូនសមត្ថកិច្ច ។

ភ្លាមៗនោះ ក្រុមជំនាញ ប្រតិបត្តិការរបស់កងកម្លាំងបញ្ជាការដ្ឋានពិសេស លេខ៩១១ សហការជាមួយកងពលតូចថ្មើរជើងលេខ៧១១ សហការជាមួយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលមានជំនាញបានមុជទឹក បំពាក់សុទ្ធតែបំពង់អុកស៊ីសែន ចុះរាវរក តាំងពីវេលាម៉ោង៣រសៀល រហូតដល់ម៉ោង ៥ និង៤៨នាទី ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្នុងវត្តព្រះបារមីវង្កដ្ឋបូរី ហៅវត្តទួលក្រសាំង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទើបរកឃើញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ួង សុភា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់មានសតិមិនសូវល្អនោះទេ ។ កន្លងមកកូនរបស់គាត់ តែងតែចូលមកដើរលេងនៅខាងក្នុងវត្តនេះជាមួយក្មេងៗរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែមានប្រជាពលរដ្ឋ ប្រាប់គាត់ថា កូនរបស់គាត់បានចុះចាប់ត្រីក្នុងស្រះ ក៏រអិលជើងធ្លាក់ចូលស្រះទឹកក្នុងវត្ត ជម្រៅប្រហែលជាង១២ ទៅ១៥ម៉ែត្រ លិចបាត់ខ្លួនបាត់ទៅហើយ ទើបនាំគ្នាមកមុជទឹករាវរក អស់រយៈពេលប្រហែល៣ម៉ោង នៅតែរកមិនឃើញ ទើបរាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ ភ្លាមៗនោះ ក្រុមជំនាញ ប្រតិបត្តិការរបស់កងកម្លាំងបញ្ជាការដ្ឋានពិសេស លេខ៩១១ សហការជាមួយកងពលតូចថ្មើរជើងលេខ៧១១ សហការជាមួយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលមានជំនាញបានមុជទឹក បំពាក់សុទ្ធតែបំពង់អុកស៊ីសែន ចុះរាវរក រហូតដល់ម៉ោង ៥ និង៤៨នាទី ល្ងាច ទើបរកឃើញ ។

ក្រុមជំនាញមុជទឹកម្នាក់ ដែលចូលរួមក្នុងប្រតិបត្តិការណ៍រាវរកជនរងគ្រោះនេះ បានឲ្យដឹងថា វាមានភាពពិបាក ក្នុងការរាវរកជនរងគ្រោះ ដោយសារទឹកស្រះនេះ មានជម្រៅជ្រៅ ពី១២ទៅ១៥ម៉ែត្រ ម្យ៉ាងមានភាពច្រឡំជាមួយនឹងត្រីធំៗនៅក្នុងស្រះ ប៉ុន្តែក៏សម្រេចដោយជោគជ័យក្រោយប្រើពេលរាវរក រយៈពេល ៨ទៅ១០នាទី ទើបរកឃើញសាកសព ។

បន្ទាប់ពីកើហេតុ សពជនរងគ្រោះត្រូវបានស្រង់ឡើងមកលើគោក ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើការពិនិត្យសំណាក រួចទើបប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕


Telegram