ភ្នំពេញ៖ ពិតជារន្ធត់ណាស់ ការស្លាប់គ្មាននរណាដឹងមុននោះទេ .. ជាក់ស្តែងស្ត្រីម្នាក់នេះ ជាអ្នកវេចខ្ចប់សព និងបូជាសពក្នុងវត្តទឹកថ្លា បានស្លាប់យ៉ាងរន្ធត់ ខណៈចុះពីលើម៉ូតូ ទាញទ្វារវត្តបិទ បែរជាត្រូវទ្វារដួលរលំសង្កត់ពីលើ បែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ កាលពីវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសម្តី បុរសជនជាតិបារាំង ជាអ្នកវេចខ្ចប់ និងបូជាសព ដែលជាអ្នកនៅក្នុងហេតុការណ៍នោះផ្ទាល់ បានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ដានី អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរអ្នកវេចខ្ចប់សព និងបូជាសព ។
បុរសជនជាតិបារាំងដដែលបន្តថា ដំបូងឡើយគាត់បានទទួលដំណឹងថា នឹងមានសពម្នាក់ដឹកពីខេត្តសៀមរាប មកតម្កល់ធ្វើបុណ្យ និងបូជានៅវត្តទឹកថ្លា ជាកន្លែងធ្វើការខ្លួន ទើបគាត់ក៏ទាក់ទងទៅស្ត្រីរងគ្រោះ ឲ្យមកចាំបើកទ្វារ ឲ្យរថយន្ដដឹកសពចូលក្នុងវត្ត។ ចំណែកគាត់រវល់នៅខាងក្រៅមួយភ្លែត។
លុះមួយសន្ទុះក្រោយមក ទើបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកត្រឡប់មកដល់វត្ត មិនឃើញរថយន្តដឹកសពមកដល់ គាត់ក៏ឈប់ម៉ូតូនៅជិតកន្លែងកើតហេតុនោះ រង់ចាំរថយន្តដឹកសពមកពីខេត្តដូចគ្នា ជាមួយស្ត្រីរងគ្រោះ ដោយអង្គុយចាំយូរពេកអផ្សុក ក៏ជក់បារីអស់៣ ទៅ៤ដើម នៅតែមិនទាន់ឃើញរថយន្តមកដល់ យប់កាន់តែជ្រៅខ្លាចព្រះសង្ឃក្នុងវត្តស្តីបន្ទោស គាត់ក៏បានប្រាប់ឲ្យស្ត្រីរងគ្រោះ ទាញទ្វារបិទសិន ដោយបានទាញទ្វារមួយចំហៀងខាងកើតបិទ តែជាអកុសលទ្វារនោះ ក៏ដួលរលំសង្កត់លើនាងបែកក្បាល ហូរឈាមជោកជាំពេញខ្លួន សន្លប់ស្តូកស្តឹង នៅសល់តែដង្ហើមចង្រិត ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយសង្រ្គោះ ទាញនាងចេញពីក្រោមរបងវត្ត ហៅរថយន្ដសង្គ្រោះ បន្ទាន់មកដឹកនារីរងគ្រោះទៅសង្គ្រោះភ្លាមៗ តែដោយរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែម្តង៕