ភ្នំពេញ ៖ លេងទាំងព្រឹកហ្មងលោកចោរ! បុរសម្នាក់ ជិះម៉ូតូមកលើកមង ដែលខ្លួនដាក់រកត្រី នៅមាត់ត្រពាំងក្នុងដីឡូត៍មួយកន្លែង ស្រាប់តែមានជនសង្ស័យជាចោរ ពាក់ម៉ាស់បិទមុខជិត យកកាំបិតចុងស្រួច មកភ្ជង់គំរាមចាក់សម្លាប់ ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ ភ្នាក់ងារព័ត៌មាន TVFB បានទាក់ទងសួរទៅកាន់ លោកមេប៉ុស្តិ៍ចោមចៅទី១ តាមរយៈទូរសព្ទ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដើម្បីចង់ដឹងរឿងលម្អិតពីករណីនេះ ត្រូវបានលោកមេប៉ុស្តិ៍បញ្ជាក់ថា លោកកំពុងមានជំងឺសម្រាកនៅមន្ទីរពេទ្យ មិនទាន់ដឹងករណីនេះនៅឡើយ ។ ចំណែឯលោក ម៉ន វុធី អធិការប៉ូលិសខណ្ឌវិញបានបញ្ជាក់ប្រាប់ថាពិតជាកើតឡើងករណីនេះមែន។
បើតាមការបញ្ជាក់ពី ជនរងគ្រោះឈ្មោះ ស៊ាន់ លាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា មុនកើតហេតុ គាត់ជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងទៅលើកមង ដែលគាត់ដាក់រកត្រី លុះជិះដល់មាត់ត្រពាំង គ្រាន់តែចុះពីលើម៉ូតូភ្លាម ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ពាក់ម៉ាស់ជិត ចេញពីជ្រុងម្ខាងនៃរបងថ្ម បានធ្វើសកម្មភាព ដកកូនកាំបិតចុងស្រួចគំរាមចាក់សម្លាប់ ប្លន់ដណ្តើមយកម៉ូតូ ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-0383 របស់គាត់បានសម្រេច ជិះចេញទៅបាត់ ទោះជាគាត់ព្យាយាមទាញពីក្រោយក៏ដោយ តែមិនឈ្នះ ។ ជនរងគ្រោះក៏បន្តថា គាត់នឹងទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ចាប់ជនសង្ស័យខាងលើនេះ ៕