សៀមរាប៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងនៅក្នុងវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ខណៈសិស្សានុសិស្ស សរុបចំនួន ៤៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមានអាការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ។
បើតាមចាស់ៗនៅទីនោះ គឺនាំគ្នានិយាយថាជាអបិយជំនឿ ព្រលឹងព្រាយ ឬបិសាចចូលខ្លួន រហូតឃើញរូបភាពចម្លែកប្រលាក់ឈាម ធ្វើឲ្យពួកគេខ្លាចខ្លាំង កើតអាការៈបែបនេះ ដូចគ្នាៗ ទើបចាស់ព្រឹទ្ធាចារ្យនៅទីនោះ នាំគ្នាសែនព្រេន ។
ដោយឡែកសម្រាប់ក្រុមគ្រូពេទ្យវិញ ពិនិត្យសុខភាព និងសង្គ្រោះបឋមទៅលើសិស្សសាលាទាំងនោះបញ្ជាក់ថា បរិមាណជាតិស្ករ សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហាទេ នោះទេ ដូច្នេះជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។
សូមបញ្ជាក់ថា សិស្សសាលាចំនួន ៤៩នាក់ ដែលដួលសន្លប់ រវើរវាយ ស្រែកយំខ្លាំងៗ នេះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ ហើយពួកគេទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃដដែល។
ទោះបីទោះជាយ៉ាងនេះក្តី លោកអភិបាលស្រុកសូត្រនិគម បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះកើតឡើង ៕