រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុននេះបានបង្ហោះរូបភាព បុរសម្នាក់ឈ្មោះ តោ ចន្នី មុខរបរបើករថយន្តដឹកទំនិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩។
ជាមួយនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាបន្ទាប់ពីឃើញវីដេអូផុសមានលក្ខណ:ញុះញ៉ង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩ នៅលើបណ្តាញសង្គម Tik Tok ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបានដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថាដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទិ២៤ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនបុរសរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕