តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការវាយប្រហារដោយកាំបិត និងការដុតខ្សែរថភ្លើងក្រោមដីមួយ បានកើតឡើងក្នុងទីក្រុង តូក្យូ បានបណ្តាលឱ្យមនុស្ស ១៧នាក់រងរបួស។ ប៉ូលីស បានចាប់ខ្លួនបុរសអាយុ ២៤ ឆ្នាំម្នាក់ ដែលស្លៀកពាក់ស្រដៀងនឹងតួអង្គ Joker ពីក្នុងភាពយន្ត Batman អំឡុងពេលនៃពិធីបុណ្យ Halloween ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ការវាយប្រហារនេះ បានកើតឡើង ខណៈមនុស្សជាច្រើនធ្វើដំណើរទៅកាន់ពិធីជប់លៀង Halloween ។ សាក្សីនិយាយថា ជនសង្ស័យបាន បាញ់វត្ថុរាវជុំវិញទូរថភ្លើង ហើយបានដុត។
ខ្សែវីដេអូ បានបង្ហាញពីអ្នកដំណើររត់ប្រសេចប្រសាចកាត់ទូរថភ្លើងចេញឆ្ងាយពីអណ្តាតភ្លើង ដែលកំពុងឆាបឆេះ។ ការវាយប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៨យប់ ម៉ោងក្នុងស្រុក ថ្ងៃទី៣១ ខែតុលា នៅជិតស្ថានីយ Kokuryo នៅតំបន់ជាយក្រុងភាគខាងលិចរបស់ទីក្រុងតូក្យូ។
សាក្សីម្នាក់ បានប្រាប់ថា៖ «ខ្ញុំគិតថា វាជាការលេងសើចក្នុងពិធីបុណ្យ Halloween ពេលនោះខ្ញុំឃើញបុរសម្នាក់ដើរមកនេះ ហើយគ្រវីកាំបិតវែងមួយយឺតៗ»។
នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ បាននិយាយថា ជនរងគ្រោះ ៣នាក់មានរបួសធ្ងន់ធ្ងរ។ ចំណែកបុរសវ័យចំណាស់ម្នាក់ បានសន្លប់បន្ទាប់ពីត្រូវបានចាក់ត្រូវមួយកាំបិត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យបានប្រាប់អាជ្ញាធរថា គាត់ «ចង់សម្លាប់មនុស្ស ដូច្នេះគាត់អាចត្រូវបានកាត់ទោសប្រហារជីវិត»៕
ប្រភព៖ Channel News Asia