រាជធានីភ្នំពេញ៖ រថយន្ដ Ford ស៊េរីទំនើបមួយគ្រឿង បានបុកម៉ូតូមួយគ្រឿង បណ្ដាលអោយមនុស្ស២នាក់ រងរបួស ហើយម្ចាស់រថយន្ដបានចុះមកដក កាំភ្លើងបាញ់៣គ្រាប់ បន្តបន្ទាប់ សំណាងណាស់ គ្រាប់កាំភ្លើងនោះមិនត្រូវចំមនុស្ស ដែលបង្កការឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ហួសចិត្តយ៉ាងខ្លាំងនូវទង្វើរបស់អ្នកបើករថយន្តFord នោះ កាលពីវេលាម៉ោង៣យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះតាមផ្លូវភ្លោះ កែងផ្លូវព្រះនរាត្តម ក៏មានរថយន្ដ Ford ស៊េរីទំនើបមួយគ្រឿង មិនចាំស្លាកលេខ បានទៅបុកម៉ូតូឌ្រីមសេ១២៥មួយគ្រឿង ដែលពាក់ស្លាកលេខ តាកែវ 1R-0565 ជិះគ្នា២នាក់បណ្ដាលឲ្យរងរបួស។ ភ្លាមនោះម្ចាស់រថយន្ដFord នោះ ក៏បានបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានមិត្តភក្តិគាត់ ជិះដេញតាមស្រែកឲ្យឈប់ តែរថយន្ដមិនឈប់ ក៏ជិះមកដល់ចំណុចកែងផ្សារថ្មី ស្រាប់តែឈប់រថយន្ត ចុះមកដកកាំភ្លើងបាញ់ចុះក្រោម១គ្រាប់ នៅកែងផ្សារថ្មី ហើយខ្មាន់កាំភ្លើងនោះ ក៏បានឡើងរថយន្ដ ជិះបន្ដទៅមុខទៀតទៀត តែខាងមិត្តភក្តិជនរងគ្រោះនៅជិះតាមរហូត ដល់រង្វង់មូលទួលគោកចាស់ ក៏បានបាញ់២គ្រាប់ទៀត ហើយស្រែកថាបើហ៊ានជិះតាមទៀត ប្រយ័ត្នខ្លួន ឬពួកគាត់ភិតភ័យ ក៏ជិះម៉ូតូបកក្រោយ មកមើលមិត្តភក្តិដែលត្រូវរថយន្ដខាងលើ បុកតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការសួរនាំទៅលើជនរងគ្រោះ ដែលត្រូវបុក ហើយដកកាំភ្លើងបាញ់ខាងលើ ដោយចុងក្រោយ ខាងជនរងគ្រោះថាខ្លួនអត់ចង់ដាក់ពាក្យបណ្តឹងនោះទេ ទុកឲ្យសមត្ថកិច្ចធ្វើការតាមជំនាញចុះ ទើបសមត្ថកិច្ចយប់ព្រមឲ្យជនរងគ្រោះទៅផ្ទះវិញ និងរើសសំបកគ្រាប់កាំភ្លើង១គ្រាប់នៅកែងផ្សារថ្មី យកទៅពិនិត្យនិងស្រាវជ្រាវបន្ត ៕ Mrr Ka