រាជធានីភ្នំពេញ៖ ដឹងច្បាស់ហើយ ករណីឆេះរថយន្ត កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតមានអ្នកស្លាប់ នៅក្នុងរថយន្ត ដោយទ្វាររថយន្តម្ខាងបើកចំហរទំនងមានមនុស្សរត់ចេញ ស្របពេលរថយន្ត ដែលឆេះនោះ ក៏គ្មានស្នាមបុកទង្គិច បែរជាឆេះយ៉ាងសន្ធោសន្ធៅ ទាំងមនុស្សថែមទៀតនោះ ពេលនេះសមត្ថកិច្ចបញ្ជាក់យ៉ាងច្បាស់ហើយ គឺជា ករណីឃាតកម្ម សម្លាប់នៅកន្លែងផ្សេង រួចដាក់ក្នុងរថយន្ត យកមកដុតចោល ទាំងសាកសព ទាំងរថយន្តខ្ទេចតែម្តង ដើម្បីបង្វែងភ្នែកសមត្ថកិច្ចនិងពលរដ្ឋឲ្យទៅជាករណីឆេះរថយន្តស្លាប់មនុស្សវិញ ប៉ុន្តែទោះបីជាយ៉ាងណាមិនអាចលាក់ភ្នែកសមត្ថកិច្ចជំនាញបានឡើយ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ករណីឆេះរថយន្តនោះ គឺពិតជាករណីឃាតកម្មពិតមែន ហើយបើតាមការធ្វើកោសល្យវិច័យពីសំណាក់សមត្ថកិច្ចជំនាញ គឺសាកសពត្រូវបានសម្លាប់កន្លែងផ្សេងហើយដឹកសាកសពមកដុតចោល ហើយសាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយឃាតក សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ផងដែរ ។
សូមបញ្ជាក់បន្ថែមថា បើតាមការធ្វើកោសល្យវិច័យទៅលើសាកសពដែលឆេះខ្លោច ខ្មៅដូចធ្យូង ដែលសមត្ថកិច្ចបានដឹកតាមរថយន្ត យកចេញពីកន្លែងកើតហេតុ ទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីវះកាត់ធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ទើបដឹងថា សពជនរងគ្រោះ ជាមនុស្សប្រុស ត្រូវបានគេវាយក្បាលពីក្រោយធ្ងន់ធ្ងរ ស្លាប់មុននឹងឆេះរថយន្តម៉ាក វីស្តូ ពាក់ស្លាកលេខ ភ្នំពេញ 1AC-9736 នោះទៅទៀត ព្រោះ អត់មានផ្សែងក្នុងសួត និងបំពង់កឡើយ ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះត្រូវគេសម្លាប់នៅកន្លែងណាមួយ ហើយធ្វើជាបើកធ្លាក់ផ្លូវ រួចដុតភស្តុងតាងចោល ឲ្យក្លាយជាករណីឆេះរថយន្តវិញ។
ក្នុងនោះសមត្ថកិច្ចក៏បានរកឃើញថា រថយន្តដែលឆេះនេះ ជាកម្មសិទ្ធរបស់ឈ្មោះ Cha Gyusic ដែលមានអាស័យដ្ឋាននៅផ្ទះលេខ១៣២ ផ្លូវបេតុង ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , រកឃើញញញួរតូចដងដែកចំនួន១ (បន្សល់ទុកក្នុងរថយន្ត ក្រោមកៅអីផ្នែកខាងឆ្វេង ) និងស្នាកជាំលលាដ៍ក្បាលផ្នែកខាងក្រោយ ចំនួន០១កន្លែង ។
ដោយបានការឯកភាពពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការតម្កល់សាកសពជនរងគ្រោះ នៅវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕