សមត្ថកិច្ចដេញចាប់ជនសង្ស័យម្នាក់ លើដំបូងផ្ទះបងប្អូនប្រជាពលរដ្ឋ ក្រោយលួចម៉ូតូ១គ្រឿងមិនសម្រេច
សន្តិសុខសង្គម
119

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់ក យកម៉ូតូរបស់ប្រជាពលរដ្ឋរួចជិះរត់គេច ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមព័ទ្ធពេញដំបូលផ្ទះទើបចាប់ខ្លួនបានកាលពីវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជិតអាងទឹកទួលពង្រ ភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអ៊ឹម ចាន់ស៊ី ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ ភី ណារាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមសម្តីបុរសម្ចាស់ម៉ូតូបានបញ្ជាក់ប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានត្រឡប់មកពីរត់ម៉ូតូឌុបវិញ បានចតម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ កំពង់ចាម 1J-2433 ទុកមុខបន្ទប់មួយភ្លែត ហើយដើរចូលទៅក្នុងបន្ទប់ជួលរបស់គាត់ ដោយមិនបានដកកូនសោរម៉ូតូចេញពីម៉ូតូ ស្រាប់តែជនសង្ស័យឃើញឪកាសល្អ បានឡើងលើម៉ូតូរបស់គាត់បញ្ឆេះបម្រុងនិងជិះរត់គេចខ្លួន ពេលនោះគាត់បានឃើញចោរលួចម៉ូតូរបស់គាត់បែបនេះ ក៏បានស្រែកឆោឡោថាចោរៗៗ ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចប៉ុស្តិនគរបាលចោមចៅទី១កំពុងតែល្បាតពួនស្ទាក់ការពារបទល្មើសក្នុងមូលដ្ឋាន បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ និងដឹកយកមកធ្វើការសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះខាងលើពិតប្រាកដមែន ដោយកន្លងមករូបគេនិងបក្ខពួកធ្លាប់បានដើរធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋជាច្រើនដងមកហើយដែរ ហើយម៉ូតូដែលពួកគេលួចបាន គឺយកទៅលក់ឬបញ្ចាំនៅឯឃ្លាំងរំសេវ ដែលទីនោះជាកន្លែងទទួលទិញម៉ូតូអត់ឯកសារគ្រប់ប្រភេទ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ មេសា 


Telegram