រាជធានីភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ អាយុទើបតែ១ខួប៦ខែ បានលង់ទឹកធុងស្លាប់ខណៈម្តាយទៅផ្សារទុកកូនឲ្យនៅជាមួយឪពុក រីឯឪពុកស្មានថាកូនទៅជាមួយម្តាយរបស់គេ អកុសលបែរជាត្រូវបាត់បង់កូនទាំងក្តីឈឺចាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង ប្រមាណ២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងដែលស្លាប់មានឈ្មោះ ឆៃ លីជិន អាយុ១ខួប៦ខែ មានម្តាយឈ្មោះ ឱប ស្រីមុំ និងៀពុកឈ្មោះ ឈន លី អាយុ៣៩ឆ្នាំ ។
បើតាមការសាកសួរទៅលើសាច់ញាតិក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងរងគ្រោះ បានទុកកូនឲ្យនៅជាមួយប្តី ព្រោះគាត់ទៅផ្សារទិញម្ហូប រីឯប្តីវិញ បាត់កូនដែរ តែស្មានថាកូនទៅជាមួយម្តាយគេ លុះពេលម្តាយត្រឡប់មកវិញ ឪពុកម្តាយទាំង២នាក់ នឹកស្មានរៀងខ្លួន ស្មានថាកូនរត់លេងនៅផ្ទះជិតខាង តែយូរៗបែរជាបាត់រកមិនឃើញ ក៏នាំគ្នាតាមរកគ្រប់កន្លែង បែរជាមកឃើញកូនស្រីដែលស្រឡាញ់ស្មើរជីវិត លង់ទឹកធុង ក្នុងផ្ទះស្លាប់ទៅវិញ ទើបយំបោកខ្លួនតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសពក្មេងស្រីខាងលើ និងបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕