រាជធានីភ្នំពេញ ៖ រថយន្ដកូរ៉េមួយគ្រឿង បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញចរាចរណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉េមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2H-0793 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈផ្ទះសម្បែងប្រជាពលរដ្ឋវិញ ខ្ទេចរប៉ាត់រប៉ាយពេញទីតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌដង្កោ បានធ្វើការវាស់វែង និងយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំម្ចាស់រថយន្ត និងភាគីម្ចាស់ផ្ទះ ដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត ៕ Mrr Tra