ជារៀងរាល់ឆ្នាំ អាវុធហត្ថរាជធានីភ្នំពេញ៖ តែងតែបានប្រមូលផ្តុំកម្លាំង មកជួបជុំគ្នា ដើម្បីធ្វើពិធីសំណេះសំណាល និងចែកអំណោយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានធ្វើពិធីជួបជុំកម្លាំងរួម ដូចឆ្នាំមុនៗទេ ព្រោះតែបញ្ហាការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ តែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏មិនចោលនូវទម្លាប់ចែកអំណោយដល់កងកម្លាំងក្រោមឱវាទ សម្រាប់យកជូនក្រុមគ្រួសារបន្ត ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីផងដែរ។
ជាក់ស្តែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកទឹកក្រូចដប និង មី ទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់ រៀងៗខ្លួន ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប០១កេស និងមី០១កេស ស្មើៗគ្នា។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់ លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើតាមរយៈ តំណាងអង្គភាពនីមួយៗ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ការងារ ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩៕