រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រុសមួយគ្រឿង បើកលឿនរេចង្កូត ធ្លាក់ចូលរណ្តៅដី របស់ការដ្ឋានជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយ ដែលគេជីកដើម្បីដាក់លូ បះគូទឡើងលើ លិចក្បាលរថយន្តចូលទឹកតែម្តង ចំណែកអ្នកបើករថយន្តបានចេញពីរថយន្ត រួចដើរចេញពីកន្លែងកើតហេតុបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ជិង៨យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៥B ក្នុងភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ទីតាំងនេះ គឺជាកន្លែងការដ្ឋាន ជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយបានដំណើរជាង១ខែ មកហើយដោយជីកកាយដីផ្លូវ ជម្រៅ៥ម៉ែត្រ ប្រវែង១០ម៉ែត្រ ទំហំ៣ម៉ែត្រ ទើបធ្វើឲ្យកំណាត់ ផ្លូវ១៥Bនេះត្រូវផ្អាកជាបណ្ដោះអាសន្ន មិនអាចធ្វើដំណើរឆ្លងកាត់ ស្រាប់តែនៅម៉ោងកើតហេតុ ក៏មានរថយន្ត ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU-1171 បើកបរពីជើងទៅត្បូង និងក្នុងល្បឿនលឿនអកហ្សើ ចាប់ហ្វ្រាំងដែរតែមិន ជាប់ ក៏ធ្លាក់ចូលរណ្តៅ បះគូទឡើងលើ លិចក្បាលរថយន្តចូលទឹកតែម្តង ចំណែកអ្នកបើករថយន្តបានចេញពីរថយន្ត រួចដើរចេញពីកន្លែងកើតហេតុបាត់ សល់តែរថយន្តប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ តែដោយសារមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដ៍ទៃ ទើប សមត្ថកិច្ច ព្រម ឲ្យ ម្ចាស់ រថយន្ត ធ្វើការ ស្ទូច យក រថយន្ត របស់ ខ្លួន ចេញពី កន្លែង កើត ហេតុតែ ម្ដង ៕