រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៣៣០ ស្លាកលេខខេមរៈភូមិន្ទ មួយគ្រឿង បើកលឿនបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្រ
ខណៈមេឃកំពុងមានការភ្លៀងធ្លាក់ខ្លាំង ចំណែកអ្នកបើកបររបួសស្រាល កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅស្តុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus RX330 មួយគ្រឿង ដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-6003 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ ពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អគ្មានអ្នករងរបួសឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅស្នងការចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយតាមផ្លូវច្បាប់ ៕ Mrr Ka