រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង បើកបុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស ធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកើតហេតុរួចភ្លាមនោះ តៃកុងរថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារTVFB បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ រួមដំណើរជាមួយប្ដីប្រពន្ធនិងកូន បានបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងមកត្បូង រួចបានឈប់ជួសជុលម៉ូតូរបស់គាត់ ខណៈពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0517 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉្រែត ទិសដៅពីជើងមកត្បូងស្របទិសគ្នា ក្នុងល្បឿនលឿន ក៏ស្រាប់តែជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹង អូសប្រហែលជាង១០០ម៉ែត្រ បណ្ដាលឲ្យជាងធ្វើម៉ូតូម្នាក់ រួមទាំងម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក៣នាក់ទៀតរងរបួសធ្ងន់ស្រាល សរុបចំនួន៤នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបម្រុងបើករត់គេចខ្លួនដែរ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតនោះ ធ្វើការឃាត់រថយន្តបាន រួចតៃកុងរថយន្តបង្ក ក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់តែម្ដង។
ភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងម៉ូតូសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕មេសា