រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុន ជីបម៉ុង បើកបរខ្វះការប្រុងប្រយត្ន័ បត់មកខាងស្តាំដៃ ទាក់ដៃចង្កូត ជាមួយម៉ូតូរបស់ស្ត្រីម្នាក់ បណ្តាលឲ្យដួល រួចកិនចំស្មា និងដៃខាងស្តាំរបស់ស្ត្រីអ្នកជិះម៉ូតូនោះ បណ្តាលឲ្យរងរបួសធ្ងន់ រហូតស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យតែម្តង។ ចំណែក អ្នកបើកបររថយន្តនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនិងចាត់ការបន្តទៅតាមច្បាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣៥នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ផេង សោភណ្ឌ អាយុ៥១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកអ្នកបើកបររថយន្តបង្ក ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ែន ផានេត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបើកបររថយន្តក្រឡុកស៊ីម៉ងត៍ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-6326 ចេញពីកន្លែងបន្ទប់ជួលរបស់ខ្លួនបំណងមកយកប្តីរបស់គាត់ ដែលលក់ដូរនៅក្បែរកន្លែងកើតហេតុនោះ ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចភ្លើងស្តុប៥០ម៉ែត្រកែង៦០ម៉ែត្រ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុង មួយគ្រឿង ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1159 ក្នុងទិសដៅពីជើងទៅត្បូង បត់មកខាងស្តាំដៃទាក់ដៃចង្កូតជាមួយម៉ូតូរបស់ស្ត្រីរងគ្រោះ រួចរថយន្តនោះ បានកិនចំស្មា និងដៃខាងស្តាំរបស់ស្ត្រី រងរបួសធ្ងន់ រហូតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ តែម្តង រីឯអ្នកបើកបរថយន្តបង្កនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរផងដែរ។
ក្រោយពេល កើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ មេសា