រាជធានីភ្នំពេញ ៖ ផ្អើលសមត្ថកិច្ចជាច្រើននាក់ ដែលដឹកនាំដោយលោក អធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ ចុះមកធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយបានយកដំបង និងកាំបិត វាយនិងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយធ្វើបាបឪពុកម្តាយ ហើយថែមទាំងដេញវាយ និងដេញចាក់មកលើសមត្ថកិច្ចទៀត ទម្រាំឃាត់ខ្លួនបាន បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ កាលពីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ដែលមានជំងឺសសៃប្រសាទប្រចាំកាយ បានវាយធ្វើបាបឪពុកម្ដាយចាស់ៗ មានទាំងដំបង និងកាំបិត វាយនិងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះថែមទៀត បង្កការភ័យខ្លាចដល់ឪពុកម្តាយ និងអ្នកភូមិជាខ្លាំង ទើបប្រជាពលរដ្ឋនាំគ្នាចូលទៅជួយ និងនាំឪពុកម្តាយរបស់បុរសខាងលើ ទៅមន្ទីរពេទ្យផងដែរ រួចទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីចុះមកអន្តរាគន៍ ភ្លាមៗលោកមេប៉ុស្តិ៍ដង្កោ ក៏បានទាក់ទងទៅកាន់ ជំនាញព្រហ្មទណ្ឌ ខណ្ឌដង្កោ ដឹកនាំដោយលោក អធិការរងខណ្ឌដង្កោ ព្រះនាម ០៥ ដឹកនាំកម្លាំងជាច្រើននាក់ ចុះមកដល់កន្លែងកើតហេតុ ស្រាប់តែ បុរសរូបនោះ បានយកកាំបិត និងដំបង ដេញវាយនិងដេញចាក់មកលើសមត្ថកិច្ចថែមទៀត ទម្រាំឃាត់ខ្លួនបាន បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។
ក្រោយមក ក៏មានសាច់ញាតិរបស់បុរសខាងលើ បានទៅធានាយកបុរសនេះមកវិញ ដោយសារតែបុរស ខាងលើមានជំងឺសសៃប្រសាទប្រចាំកាយ ពេលដែលជំងឺធ្វើទុក្ខម្ដងៗ គឺតែងតែវាយធ្វើបាបឪពុកម្ដាយ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបែបនេះ និងដើម្បីយកបុរសខាងលើ ទៅមណ្ឌលកែប្រែផ្លូវចិត្ត ដើម្បីព្យាបាលជំងឺ ៕ មេសា