រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា ឃាត់ខ្លួនស្ត្រីម្នាក់ និងគ្រឿងញៀនមួយចំនួនធំ កាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមផេក និងគេហទំព័រផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ការបង្ក្រាបនេះ គឺធ្វើឡើង ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការ សម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេស អេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 និងធ្វើការដកហូតបាន សារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE)ទម្ងន់សុទ្ធ១គីឡូ និង៩៨៩.១ក្រាម។(បង្កប់លាក់នៅបាតវ៉ាលី)។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕