រាជធានីភ្នំពេញ ៖ យោងតាមផេក ផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មុននេះបន្តិចឲ្យដឹងទាំងស្រុងថា « សូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព!
ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញ នូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។
តាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។
ទន្ទឹមនឹងនេះខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀជូនបងប្អូនជនរួមជាតិដែរថាដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។
បងប្អូនជនរួមជាតិជាទីគោរព!
ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យនៃប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។
សូមអរគុណ! » ៕