រាជធានីភ្នំពេញ ៖ មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែមកដល់ មន្រ្តីជំនាញ ក.ប.ប. បានចុះត្រួតពិនិត្យទំនិញដែលដាក់ចរាចរលក់នៅបណ្តា ផ្សារដើម្បីធានាទប់ស្កាត់ឱ្យបាននូវការចរាចរទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមិនអនុលោមទៅនឹងបទដ្ឋានបច្ចេកទេស ដែលជាហេតុនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
ក្នុងនោះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ មន្ត្រីជំនាញ ក.ប.ប. សាខា ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានរកឃើញនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១,១៣៩.៧៥ លីត្រ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៨៦.៣១ គីឡូក្រាម។
ទំនិញទាំងអស់ ត្រូវបានមន្រ្តីជំនាញ ធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានពិន័យអន្តរការណ៍ទៅលើម្ចាស់ទំនិញផងដែរ ៕