រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាអាល់ផាត មួយគ្រឿង រេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលរងការខូចខាត កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តតូយ៉ូតាអាល់ផាត មួយគ្រឿង ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AX-8128 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូង ផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ បន្តទៀត៕ Mrr Ka