២នាក់ប្តីប្រពន្ធ ត្រូវរថយន្តធុនធំ បុកម៉ូតូពីក្រោយកិ...នអូសស្លា....ប់ទាំង២នាក់
សន្តិសុខសង្គម
176

ខេត្តបន្ទាយមានជ័យ ៖ ២នាក់ប្តីប្រពន្ធ បានស្លាប់យ៉ាងអាណោចអាធម្ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ ជាទីបំផុត រវាងរថយន្តធុនធំបើកបុកម៉ូតូពីក្រោយរួចកិនអូស ដែលកើតឡើងនៅវេលាម៉ោង០៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីប្រជុំជនផ្លូវជាតិ៥៩ នៅចន្លោះគីឡូម៉ែត្រលេខ២៩-៣០ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក និងគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

លោកវរសនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ហ៊ត់ ហាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ស្លាកលេខប.មានជ័យ1C.3668 អ្នករួមដំណើរ ឈ្មោះ ដោក កាន់ អាយុ៥៤ឆ្នាំ ជាប្រពន្ធ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកម៉ូតូបានបើកឌុបប្រពន្ធ ក្នុងទិសដៅ ពីលិចទៅកើតឡើងវ៉ាជែងត្រាក់ទ័រ ស្របពេលនោះមានរថយន្ត០១គ្រឿងហ៊ីយ៉ាន់ដាយដឹកទំនិញធុនធំ ពណ៌ខៀវលាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D.2784 និងរ៉ឺម៉កស្លាកលេខព្រះសីហនុ 4A.7667 បើកស្របទិសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះ០២នាក់ ប្តីប្រពន្ធ ខ្ទាតចូលក្រោមរថយន្តត្រូវកង់រថយន្តកិន ស្លាប់ទាំង០២នាក់នៅនឹងកន្លែងកើតហេតុគូរឲ្យតក់ស្លុត ។

អ្នកបើករថយន្តក្រោយពីបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ វត្ថុតាងម៉ូតូនិងរថយន្ត នគរបាលយកមករក្សាទុកនៅអធីការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីស្រាវជ្រាវរកអ្នកបើកបរចាត់ការតាមនិតិវិធី ។

ចំណែកសពជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ ប្រល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


Telegram