រាជធានីភ្នំពេញ ៖ ក្នុងប្រតិបត្តិការរយ:ពេល៣ថ្ងៃ ជនសង្ស័យចំនួន០៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង១៥នាទី បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ វង្សកុសល ដោយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការសាកសួរចម្លើយជនសង្ស័យ លុះនៅវេលាម៉ោង១៩និង៥០នាទី ថ្ងៃខែឆ្នាំដដែល ផ្អែកលើចម្លើយរបស់ជនសង្ស័យ កម្លាំងបានបន្តចុះធ្វើការឆែកឆេរបន្ទប់ជួលមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ យី ណារ៉េត នៅចំណុចបន្ទប់ជួលលេខ៨C ផ្លូវ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងឃាត់ខ្លួនជនសង្ស័យចំនួនចំនួន០៥នាក់ ស្រី០២នាក់ រួមជាមួយវត្ថុតាង។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លុះនៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្តធ្វើការសាកសួរចម្លើយជនសង្ស័យ លុះដល់វេលាម៉ោង២២និង០៥នាទី កម្លាំងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងវត្ថុតាង។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖
១- ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង ជារបស់ឈ្មោះ សុខ វង្សកុសល។
២- ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ដាវដែក ចំនួន០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ ជារបស់ឈ្មោះ យី ណារ៉េត។
៣- ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់ធំល្មម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង ជារបស់ឈ្មោះ ហ៊ូ លីហេង។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕