ខេត្តតាកែវ៖ ជនដៃដល់ជាកូនប្រសារម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការចាប់ឃាត់ខ្លួន ក្រោយបានយកកាំបិតផ្គាក់កាប់ទៅលើឪពុកក្មេក របួសធ្ងន់ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទួន ឡន ហៅលឹប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ បានទំនាស់ពាក្យសម្តីជាមួយឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ ៥៩ឆ្នាំ ដែលត្រូវជាឪពុកក្មេក មានមុខរបរកសិករ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ហើយជនដៃដល់ជាកូនប្រសាររូបនោះ បានយកកំបិតផ្គាក់កាប់ទៅលើឪពុកក្មេក បណ្ដាលអោយរងរបួសចំកចំហៀង ខាងឆ្វេងរងរបួសជាទម្ងន់ ត្រូវបានក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ រាជធានីភ្នំពេញ តែដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ក្នុងមន្ទីពេទ្យ។
ចំណែកមូលហេតុ ដែលឈានដល់ការកាប់សម្លាប់ឪពុកក្មេកនេះ គឺបណ្តាលមកពី ស្រវឹងស្រានិងទំនាស់ពាក្យសម្តី ។
ក្រោយកើតហេតុ ជនសង្ស័យជាកូនប្រសារនោះ បានគេចខ្លួនបាត់ លុះឈានដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី ទៀបភ្លឺ ទើបកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី តេត្តតាកែវ បានដកហូតវត្ថុតាង កាំបិតផ្គាក់ដងឬស្សីប្រវែង៣តឹក ផ្លែប្រវែង៣តឹក មកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ច្បាប់៕