រាជធានីភ្នំពេញ ៖ ក្រោយកម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុកស្មាញក្នុងមូលដ្ឋាន ប្រទះឃើញម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៥និង២៦នាទីនេះ សមត្ថកិច្ចបានរកឃើញម្ចាស់ម៉ូតូហើយ ដែលជនរងគ្រោះបានអះអាងថា ម៉ូតូរបស់គាត់ ត្រូវបានគេលួចនៅចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់ផ្ទាល់ ពីលោក អធិការរងខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ ប្រាប់មកកាន់ក្រុមការងារTVFB ។
សមត្ថកិច្ចបានឲ្យដឹងថា ពេលដែលកងកម្លាំង ល្បាតមកដល់ចំណុចផ្ទះល្វែងទុកចោលសង់មិនទាន់រួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ ក៏បានប្រទះឃើញម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-5742 ទុកចោលក្នុងផ្ទះល្វែងនោះ ហើយកម្លាំងនគរបាល យើងក៏បានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃសរងចាំម្ចាស់មកទទួលយកទៅវិញ ។
ពេលនេះម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ប្រគល់ឲ្យទៅម្ចាស់ដើមវិញហើយ ៕ មេសា