ខេត្តត្បូងឃ្មុំ ៖ ពិតជារន្ធត់មែន យ៉ាងហោចណាស់ មនុស្សប្រុសស្រី២នាក់ ដែលកំពុងដើរនៅផ្សារមេមត់ ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ ដឹកអេស្កាវ៉ាទ័រ បុកស្លាប់ខ្ទេចដៃជើងយ៉ាងរន្ធត់ ប៉ើងជាច្រើនម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម និងជាច្រើននាក់ទៀត មានទាំងចាស់ទាំងក្មេង រងរបួស បន្ទាប់ពីរថយន្តនេះបានបុករះ រថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿងបន្ថែមទៀត ទើបទៅមុខលែងរួច កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថិកច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-2334 ដឹករថយន្តអេសស្កាវ៉ាទ័រ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6627 បើកបរដោយឈ្មោះ នន់ សុគន្ឋា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបើកបរពីទិស ខាងលិច ទៅទិសខាងកើត ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនស៊ី បណ្ដាលបុករថយន្តម៉ាក ឡង់គ្រីស័រ TOYOTA LAND CRUISER ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 09 2-1573 ខ្ទេចយ៉ាងដំណំ ដែលបើកបរដោយឈ្មោះ ស្រ៊ន់ ណូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពីលិច ទៅកើត(ស្របទិសគ្នា) ចំពីក្រោយពេញទំហឹង ហើយបានបន្តទៅបុករថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2G-5802 ឈប់នៅជាយផ្លូវខាងត្បូង បែរក្បាលទៅទិសខាងកើត ចំពីក្រោយពេញទំហឹង រួចបានបន្តទៅបុកអ្នកថ្មើរជើងឈ្មោះ អ៊ាន សុភី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ដើរនៅជាយផ្លូវខាងត្បូងនិងបន្តបុកមនុស្ស ស្រីម្នាក់ មានឈ្មោះ រិន រ៉ា ហៅក្រៅ កញ្ញា ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បំណងទៅអ៊ុតសក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបន្តបុកអ្នកថ្មើរជើងឈ្មោះ ហម នាង ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើរនៅជាយផ្លូវខាងត្បូង ពកូនឈ្មោះ ឆុន ស្រីពេជ្រ ភេទស្រី អាយុ០១ ឆ្នាំ (របួសស្រាល) និងបន្តបុកថ្មើរជើងម្នាក់ទៀតឈ្មោះ សុ ភិន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ គឺបណ្តាលមកពីកត្តាយានរថយន្តខូចហ្វ្រាំង សរុបជារួម ករណីនេះបណ្ដាលឲ្យខូចខាតរថយន្តចំនួន០៣គ្រឿង (ធ្ងន់) និងម៉ូតូចំនួន០៤គ្រឿង (ធ្ងន់០៣) និងសម្ភារ:មួយចំនួនទៀត ។
ចំណែកសាកសព ត្រូវបានជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្តចំនួន០៣គ្រឿង និងម៉ូតូចំនួន០៤គ្រឿង ជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ដោយឃាត់ខ្លួនមនុស្សម្នាក់ ផងដែរ៕