រាជធានីភ្នំពេញ ៖ ពិតជាអាសូរណាស់ ស្ត្រីម្នាក់ បានទ្រហ៊ោយំឱបសាកសពប្តី ខណៈប្តីជិះម៉ូតូមកទិញបង្អែមផ្ញើប្រពន្ធកូន បែរជាត្រូវរថយន្តម៉ាស្តាភីកអាប់ បើកបញ្ច្រាសគ្នា បុកពេញទំហឹង ខ្ទាតមនុស្សធ្លាក់លើផ្លូវ ចំណែករថយន្តបានបើកអូសម៉ូតូពីក្រោម ប្រមាណ៣០ម៉ែត្រ ឆ្ងាយពីសាកសព ទើបឈប់ ហើយក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខបូរីឡុង នី លើផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ទៀវ វុទ្ធីភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ យឿន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប៉ះកង់ឡាន មានទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសាកសួរប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបាន ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HH.8414 បើកបរដោយបុរសម្នាក់ បញ្ច្រាសទិសគ្នាជាមួយរថយន្តបង្ក ម៉ាក MAZDA PICK UP ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA.8366 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តនោះ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន បានបើកចូលចំណែកផ្លូវម៉ូតូ រួចក៏បុកម៉ូតូចំពីមុខពេញមួយទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះខ្ទាតផ្លោងធ្លាក់មកលើផ្លូវស្លាប់មួយរំពេច រីឯម៉ូតូវិញ គាបជាប់ពីមុខរថយន្តអូសប្រមាណ៣០ម៉ែត្រឯណោះ ទើបឈប់រថយន្ត ហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបានបន្តថា អ្វីដែលហួសចិត្តនោះ បុរសរូបនោះ បានស្រែកប្រកែកថាខ្លួនមិនបានបុកម៉ូតូគេទៀត គឺម៉ូតូជាអ្នកជិះមកបុកខ្លួនថែមទៀត ។
ក្រោយកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះនិងសាច់ញាតិក៏បានដល់ បានទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង ថែមត្រូវបាត់បងប្តីជាទីស្រឡាញ់ ក្នុងមួយប៉ប្រិចភ្នែក ខណៈដែលម៉ូតូ រថយន្ត និងអ្នកបើករថយន្តនោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង បញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕មេសា