ខេត្តបន្ទាយមានជ័យ ៖ ផ្អើលអ្នកក្រុងប៉ោយប៉ែតតែម្តង មនុស្សម្នាជាច្រើនកំពុងនាំគ្នាអង្គុយហូបអាហារ ផឹកស៊ីកម្សាន្ត ក្នុងថ្ងៃអុំទូកទី៣ ដែលយប់ចុងក្រោយ ស្រាប់តែមានការឈ្លោះគ្នាដោយ ភាគីម្ខាងគ្នាជាង ១០នាក់ យក ដុំ ថ្ម ទៅ គប់ អាគារ កាស៊ីណូ ហើយ បាន ឆាត ហៅភាគី ១ ក្រុម ទៀត ណាត់ មក បាញ់ និង កាប់គ្នា នៅ ចំណុច បរិវេណ កាស៊ីណូ ផ្កាយ ប្រាំ ដល់ពេលកងកម្លាំងអាវុធហត្ថ ចុះអន្តរាគមន៍ ស្រាប់តែដកកាំភ្លើងបាញ់មក លើកងកម្លាំងថែមទៀត រហូតមានមនុស្ស២នាក់បានរងរបួសធ្ងន់ស្រាល ប៉េអឹមម្នាក់ ធ្លាយ ថ្គាមពីម្ខាងទៅម្ខាង និង ឈានដល់ការឃាត់ខ្លួនបានមនុស្សចំនួន១៤នាក់ឯណោះ ។
ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺជាយប់ថ្ងៃអុំទូកចុងក្រោយ នៅ ចំណុច បរិវេណ កាស៊ីណូ ផ្កាយ ប្រាំ ស្ថិត ក្នុងភូមិ ក្បាលស្ពាន មួយ សង្កាត់ - ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។
ជុំវិញការបាញ់ប្រហារគ្នានេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់អង្គភាព TVFB ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ការបាញ់នេះ គឺកើតឡើងរវាងបុគ្គលដែលនៅក្នុងចំណោម ប្រមាណ៣០នាក់ គឺមានទាំងថៃ ទាំងខ្មែរ ពួកគាត់បង្កហេតុ លុះពេលកម្លាំងកងរាជអាវុធហត្ថចូលអន្តរាញគមន៍ ទើបមានការប្រទូស្តរ៉ាយគ្នា ឈានដល់ការបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យកងកម្លាំងម្នាក់ រងរបួសធ្ងន់ផងដែរ ហើយភាគីបង្កក៏មានរបួសដូចគ្នា និងឃាត់ខ្លួនមនុស្សបានចំនួន ជាង១០នាក់ ។ ចំណែកមូលហេតុ នៅមិនទាន់បានវាយតម្លៃនៅឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ មាន ករណី ភាគីមួយក្រុមមានគ្នាប្រមាណ ជាង១០នាក់ មានទាំង ដំថ្ម និងដំបងបាននាំគ្នា ទៅកាប់ និងគប់អាគារកាស៊ីណូមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ - ក្រុងប៉ោយប៉ែត លុះពេលកងកម្លាំងបានចុះទៅដល់ក្រុមបង្កទាំងនោះ ក៏នាំគ្នាគេចខ្លួន។ ក្រោយមកពេលដែលកម្លាំង កំពុងចុះ ស្រាវជ្រាវនោះ មនុស្ស២ក្រុមទៀត មានគ្នា ប្រមាណជាង២០នាក់ បានធ្វើសកម្មភាពបាញ់គ្នា និងយកដំបង ដំថ្មគប់គ្នា ហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានចុះអន្តរាគមន៍ស្រាប់តែ ត្រូវ ជនទាំង២ក្រុមនោះ បាញ់មកលើកងកម្លាំងបណ្តាលឲ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតម្នាក់របួសធ្ងន់ ធ្លាយថ្គាមពីម្ខាងទៅម្ខាង និងម្នាក់ទៀត ជាមនុស្សនៅក្នុងក្រុមជនបង្ក រងរបួសចំជើង១គ្រាប់ ដោយសារតែក្រុមម្ខាងទៀតបាញ់ ។
ភ្លាមៗលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំ កម្លាំងចុះអន្តរាគមន៍ ស្រាវជ្រាវរហូត ឃាត់ខ្លួន បានមនុស្សចំនួន១៤នាក់ បញ្ជូនមកបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរនិងចាត់ការបន្ត ។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្ទីរបង្អែកក្រុងប៉ោយប៉ែត ៕