ខេត្តកំពង់ចាម ៖ មានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គម ខណៈមានករណី ក្មេងស្រីម្នាក់ ជាសិស្សរៀននៅ វិទ្យាល័យ ហ៊ុន សែន ចំការលើ ត្រូវបានឃាតក រំលោភរួចសម្លាប់យ៉ាងរន្ធត់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម លុះនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចតាមចាប់ខ្លួនបានឃាតក នោះហើយនៅក្នុងព្រៃចម្ការមួយកន្លែង ភូមិប៉ាតាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មាន សាកសពក្មេងស្រីរងគ្រោះ ដែលត្រូវបានគេរំលោភនិងសម្លាប់នេះ គឺមានឈ្មោះ ឌីម អេងជូ រស់នៅក្នុងភូមិកើតហេតុខាងលើ បានដើរចេញពីរៀនតែម្នាក់ឯង លុះដល់កន្លែងស្ងាត់ ក៏ត្រូវបានឃាតក ចាប់ធ្វើបាបរំលោភ រួចសម្លាប់បំបិទមាត់ចោលតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ ម៉ាប់ កម្សត់ ហៅតាលាន អាយុ១៦ឆ្នាំ និងរស់នៅភូមិជាមួយជនរងគ្រោះ ដោយបាន រំលោភរួចសម្លាប់ជនរងគ្រោះ ហើយយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ទៅលក់នៅភ្នំពេញបានលុយចំនួន២០ម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះមកស្រុកកំណើតវិញ ធ្វើដូចគ្មានរឿងអីកើតឡើង តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ដោយជនសង្ស័យបានសារភាពថា ពិតជាបានរំលោភនិងសម្លាប់ជនរងគ្រោះមែន ពេលនេះសមត្ថកិច្ចកំពុងតែសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត។
ក្នុងនោះ យោងតាមផេក វិទ្យាល័យ ហ៊ុនសែន ចំការលើ បានបង្ហោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ឲ្យដឹងថា គណ:គ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ចំការលើ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពសិស្ស ឈ្មោះ ឌីម អេងជូ ដែលបានទទួលមរណ:ភាពដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ ។ សូមឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយស្រីទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ខណៈសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕